ប្រវត្តិសង្ខេបនៃការបង្កើតតុលាការកំពូល
និង មហាអយ្យការអមតុលាការកំពូល
ប្រទេសកម្ពុជាត្រូវបានធ្លាក់ចូលក្នុងគ្រោះមហន្តរាយដ៍ធំធេងនៅក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃ០៦ ខែ មករា ឆ្នាំ ១៩៧៩ ដែលប្រជាជនកម្ពុជា ស្គាល់ជាទូទៅថា “របបប៉ុលពត” ដែលក្នុងរយៈពេល ៣ ឆ្នាំ នៃរបបនេះ អ្វីៗត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ក្នុងនោះ ប្រព័ន្ធតុលាការក៍ត្រូវបានលុបបំបាត់ចោលទាំងស្រុងដែរ ។
ក្រោយរំដោះថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ កម្ពុជាបានចាប់ផ្តើមកសាងប្រទេសរបស់ខ្លួនពីបាតដៃទទេ ហើយនៅអំឡុងឆ្នាំ១៩៨២ ដែលប្រទេសកម្ពុជានាពេលនោះ មានឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា បានសំរេចបង្កើតតុលាការប្រជាជនខេត្ត-ក្រុងដែលជាតុលាការមានតែមួយថ្នាក់ប៉ុណ្ណោះ ។ ចំពោះ តុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល ទើបតែត្រូវបានបង្កើតឡើងតាម ច្បាប់ស្តីពីការបង្កើតតុលាការប្រជាជនកំពូល និងមហាអយ្យការអមតុលាការប្រជាជនកំពូលដែល ត្រូវបានប្រកាសឲ្យប្រើ តាមក្រឹត្យលេខ ២៨ក្រ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ១៩៨៥ ។ បន្ទាប់មកនៅឆ្នាំ ១៩៨៧ មានច្បាប់មួយទៀតពាក់ព័ន្ធនឹងតុលាការកំពូលនេះ គឺក្រឹត្យ-ច្បាប់លេខ ៣៤ ក្រ.ច ស្តីពីការចាត់តាំង និងសកម្មភាពរបស់ តុលាការប្រជាជនកំពូល និងមហាអយ្យការអមតុលាការប្រជាជនកំពូល ។
នៅឆ្នាំ ១៩៩៣ រដ្ឋកម្ពុជាបានបង្កើតច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពរបស់សាលាជម្រះក្តីចុះថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ដែលចាប់តាំងពីពេលនោះមក រចនាសម្ព័ន្ធតុលាការ នៅកម្ពុជារួមមាន តុលាការខេត្ត-ក្រុង សាលាឧទ្ធរណ៍ និងតុលាការកំពូល ហើយរចនាសម្ព័ន្ធនេះនៅបន្តអត្ថិភាពរហូតដល់បច្ចុប្បន្ន ។
ចំពោះច្បាប់ទាំង ៣ ដែលពាក់ព័ន្ធនឹងតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលនេះមានមាត្រាមួយចំនួនធំ ត្រូវបាននីរាករណ៍ដោយច្បាប់ក្រោយៗផង និងដោយច្បាប់ផ្សេងៗផង ជាពិសេសគឺមាត្រាទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហានីតិវិធី ដោយសារមានក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៧ និងក្រមនីតិវិធីរដ្ឋប្បវេណីឆ្នាំ ២០០៦ មកជំនួស ។ រីឯ រចនាសម្ព័ន្ធ ការងារគឺរក្សាដដែល ដោយសារមិនទាន់មានលិខិតបទដ្ឋានគតិយុត្តិថ្មីណាមកជំនួសនៅឡើយទេ ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់អំពីអំណាចតុលាការ ដែលមានខ្លឹមសារដូចខាងក្រោម ៖
មាត្រា ១២៨ ថ្មី (មាត្រា ១០៩ ចាស់)
អំណាចតុលាការ ជាអំណាចឯករាជ្យ ។
អំណាចតុលាការ ធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។
អំណាចតុលាការ គ្រប់ដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមមានរឿងក្តីរដ្ឋបាលផង ។
អំណាចនេះ ត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ ។
មាត្រា ១២៩ ថ្មី (មាត្រា ១១០ ចាស់)
ការជម្រះក្តីយុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជាពលរាស្រ្តខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ។
មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្តី ។ ចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឹងម៉ាត់ និងឲ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។
មាត្រា ១៣០ ថ្មី (មាត្រា ១១១ ចាស់)
គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញាត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ ។
មាត្រា ១៣១ ថ្មី (មាត្រា ១១២ ចាស់)
មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា ។
មាត្រា ១៣២ ថ្មី (មាត្រា ១១៣ ចាស់)
ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ ។
មាត្រា ១៣៣ ថ្មី (មាត្រា ១១៤ ចាស់)
ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេ ។ ប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្តខុស ។
មាត្រា ១៣៤ ថ្មី (មាត្រា ១១៥ ចាស់)
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយ ដែលនឹងកំណត់សមាសភាព និងមុខងារ ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថិតក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រ ។ ព្រះមហាក្សត្រព្រះទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឲ្យធ្វើជាអធិបតី នៃឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រមនេះ ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្តីទាំងអស់ ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងមុខការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា អមតុលាការកំពូលត្រូវប្រជុំអធិបតីភាពនៃប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអម តុលាការកំពូល អាស្រ័យដោយករណីទាក់ទងនឹងចៅក្រម ឬព្រះរាជអាជ្ញា ។
មាត្រា ១៣៥ ថ្មី (មាត្រា ១១៦ ចាស់)
លក្ខនិ្តកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ នឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នា ។
|
||||
តុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល
|

0 comments: